
ការប្រើប្រាស់ឌីជីថលក្នុងអាជីវកម្មមានប្រយោជន៍ នៅពេលវាឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ សម្រាប់អាជីវកម្មនៅតាមមូលដ្ឋាន តម្រូវការនោះអាចជាការធ្វើឱ្យអតិថិជនងាយស្រួលស្វែងរកព័ត៌មានផលិតផល ការឆ្លើយតបសំណួររបស់អតិថិជន ឬការរៀបចំមាតិកាដែលបង្ហាញឱ្យច្បាស់ពីតម្លៃនៃសេវាកម្មរបស់ខ្លួន។
ដោយផ្តោតលើការអនុវត្តនេះ BKD Academy និង BizKhmer Digital Media បានចូលរួមសហការរៀបចំវគ្គ «តស់! ចាប់យកឌីជីថល!» នៅសាលាខេត្តព្រៃវែង នាថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៦។ កម្មវិធីនេះបានភ្ជាប់ម្ចាស់អាជីវកម្មជាមួយអ្នកផ្តល់ដំណោះស្រាយឌីជីថល ព្រមទាំងចែករំលែកវិធីកែលម្អការបង្ហាញព័ត៌មាន និងការទំនាក់ទំនងជាមួយអតិថិជនតាមបណ្ដាញអនឡាញ។
ភ្ជាប់អាជីវកម្មទៅនឹងដំណោះស្រាយឌីជីថលសមស្រប
វគ្គនេះជាផ្នែកមួយនៃកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស (Enterprises Go Digital—EGD) នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការគាំទ្រថវិកាពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។
កម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ឈាង សុវណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង លោក គួង វុត្ថា អ្នកគ្រប់គ្រងនាយកដ្ឋានបរិវត្តកម្មឌីជីថលសហគ្រាសនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងលោក យ៉ន សុភារិទ្ធ ស្ថាបនិកក្រុមហ៊ុន BizKhmer Digital Media និងជាគ្រូបង្គោលនៅ BKD Academy។
ម្ចាស់អាជីវកម្មបានជួបពិភាក្សាដោយផ្ទាល់ជាមួយអ្នកផ្តល់ដំណោះស្រាយឌីជីថល ដើម្បីលើកឡើងពីបញ្ហាប្រឈមក្នុងការងារប្រចាំថ្ងៃ និងស្វែងយល់ពីជម្រើសដែលសមនឹងតម្រូវការរបស់ខ្លួន។ ការពិភាក្សាទាំងនេះបានយកតម្រូវការអាជីវកម្មជាគោល ដើម្បីឱ្យអ្នកចូលរួមអាចពិចារណាថា បច្ចេកវិទ្យាអាចជួយការងាររបស់ខ្លួនត្រង់ចំណុចណាខ្លះ។
រៀបចំ Facebook Page ឱ្យច្បាស់លាស់ និងមានប្រយោជន៍សម្រាប់អតិថិជន
ក្នុងកម្មវិធីនេះ លោក យិន មិហ្សុីល ប្រធានផ្នែកប្រតិបត្តិការ BKD Academy បានចែករំលែកប្រធានបទ «បង្កើតមាតិកាទាក់ទាញអតិថិជន»។
ចំណុចសំខាន់មួយនៃវគ្គបណ្តុះបណ្តាល គឺការរៀបចំ និងកែលម្អ Facebook Page ឱ្យមានព័ត៌មានអាជីវកម្ម និងមធ្យោបាយទំនាក់ទំនងច្បាស់លាស់។ Facebook Page ដែលរៀបចំបានល្អ គួរជួយឱ្យអ្នកចូលមើលយល់ថា អាជីវកម្មផ្តល់ជូនអ្វីខ្លះ ត្រូវទាក់ទងសាកសួរតាមរបៀបណា និងត្រូវធ្វើអ្វីបន្ទាប់ ប្រសិនបើចាប់អារម្មណ៍។
វគ្គនេះក៏បានលើកឡើងពីការជ្រើសរើសប្រភេទ និងទម្រង់មាតិកា។ មាតិកានីមួយៗមានតួនាទីខុសគ្នា៖ មាតិកាពន្យល់អាចឆ្លើយសំណួររបស់អតិថិជន មាតិកាបង្ហាញការប្រើប្រាស់អាចជួយឱ្យយល់ពីផលិតផលកាន់តែច្បាស់ ហើយមាតិកាផ្សព្វផ្សាយអាចបញ្ជាក់ពីការផ្តល់ជូនរបស់អាជីវកម្ម។
រៀបចំមាតិកាដោយផ្អែកលើអ្វីដែលអតិថិជនចង់ដឹង
ខ្លឹមសារបណ្តុះបណ្តាលបានផ្តោតលើមាតិកាផ្តល់ចំណេះដឹង កសាងទំនុកចិត្ត និងជំរុញការចូលរួមរបស់អតិថិជន ព្រមទាំងការរៀបចំផែនការមាតិកា និងការប្រើប្រាស់រូបភាពឱ្យសមស្រប។
វិធីមួយដែលអាជីវកម្មអាចយកទៅអនុវត្ត គឺចាប់ផ្តើមពីសំណួរដែលអតិថិជនសួរញឹកញាប់។ បន្ទាប់មក រៀបចំមាតិកាដើម្បីឆ្លើយសំណួរទាំងនោះឱ្យច្បាស់ ជ្រើសរើសទម្រង់ដែលងាយយល់ និងបញ្ជាក់ជំហានបន្ទាប់សម្រាប់អ្នកចាប់អារម្មណ៍។ ជាឧទាហរណ៍ រូបភាពដែលមានការពន្យល់ខ្លីអាចប្រើសម្រាប់បង្ហាញព័ត៌មានផលិតផល ខណៈវីដេអូខ្លីអាចសមស្របសម្រាប់បង្ហាញដំណើរការ ឬរបៀបប្រើប្រាស់។
ទាំងនេះជាឧទាហរណ៍នៃការយកគោលគំនិតក្នុងវគ្គទៅប្រើប្រាស់។ ចំណុចសំខាន់ គឺការបង្កើតមាតិកាដែលមានគោលបំណងច្បាស់លាស់ និងផ្តល់ព័ត៌មានមានប្រយោជន៍ដល់អតិថិជនគោលដៅ។
ផ្សារភ្ជាប់ការរៀនទៅនឹងការងារអាជីវកម្ម
សម្រាប់ BKD Academy ការអភិវឌ្ឍជំនាញអនុវត្ត គឺការជួយឱ្យអ្នកសិក្សាអាចផ្សារភ្ជាប់ចំណេះដឹងទៅនឹងការងាររបស់ខ្លួន។ កម្មវិធីនៅខេត្តព្រៃវែងបានផ្តល់ឱកាសពីរដែលបំពេញបន្ថែមឱ្យគ្នា គឺការស្វែងយល់ពីរបៀបទំនាក់ទំនងជាមួយអតិថិជនតាមអនឡាញ និងការពិភាក្សាអំពីតម្រូវការអាជីវកម្មជាមួយអ្នកផ្តល់ដំណោះស្រាយឌីជីថល។
BKD Academy សូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រៃវែង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» មូលនិធិអភិវឌ្ឍន៍ជំនាញ វាគ្មិន ក្រុមការងារ អ្នកផ្តល់ដំណោះស្រាយឌីជីថល និងម្ចាស់អាជីវកម្មទាំងអស់ សម្រាប់ការគាំទ្រ កិច្ចសហការ និងការចូលរួម។
អាជីវកម្មដែលចង់ស្វែងយល់ពីដំណោះស្រាយឌីជីថល អាចចុះឈ្មោះប្រឹក្សាយោបល់តាមរយៈកម្មវិធី EGD។ សម្រាប់ព័ត៌មានអំពីវគ្គបណ្តុះបណ្តាល និងសកម្មភាពនានា សូមតាមដាន Telegram Channel របស់ BKD Academy។
ប្លុកនេះត្រូវបានសរសេរឡើងដោយក្រុមការងារ BKD Academy ដែលជាអង្គភាពផ្ដោតទៅលើការបណ្ដុះបណ្ដាល ម៉ាឃិធិង ឌីជីថលម៉ាឃិធិង បច្ចេកវិទ្យាម៉ាឃិធិង និងភាពជាអ្នកដឹកនាំក្នុងវិស័យឌីជីថល សម្រាប់សហគ្រាសធន់តូច និងមធ្យម និងសម្រាប់កសាងអាជីពម៉ាឃិធិងនៅកម្ពុជា។
ត្រូវការជំនួយផ្នែកទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម យុទ្ធនាការ PR ឬពង្រីកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈ (F&B) របស់អ្នកនៅលើប្រព័ន្ធអនឡាញមែនទេ? សូមទាក់ទងភ្នាក់ងាររបស់យើង៖ 🌐 BizKhmer Digital Media – ក្រុមការងារដ៏គួរឱ្យទុកចិត្ត ផ្នែកទីផ្សារឌីជីថល។
ហើយសម្រាប់និន្នាការអាជីវកម្មខ្មែរផ្តាច់មុខ រឿងរ៉ាវអាជីវកម្ម ចំណេះដឹងថ្មីៗ (startup stories) និងការយល់ដឹងស៊ីជម្រៅអំពីសេដ្ឋកិច្ចកម្ពុជា សូមចូលទៅកាន់គេហទំព័រ Press Release របស់យើង៖ 🌍 BizKhmer.com
